ការព្យាករណ៍អំពីសេដ្ឋកិច្ចប្រទេសកម្ពុជាពីសំណាក់អង្គការនានាៈ មេឃស្រឡះល្អ រឺកំពុងជួបព្យុះភ្លៀង?
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក
បោះពុម្ភ ផ្ញើអត្ថបទតាម Email
២៤-០២-២០០៩
«តូច ក្រីក្រ ឈឺ និងពុករលួយ» : ព័ត៌មានទាំងនេះអាចបង្កើតបានជាគំនូរព្រាងមួយ តំណាងអោយជនជាតិខ្មែរមធ្យមម្នាក់ គូរចេញពីទិន្នន័យដែលត្រូវបានផ្សព្វផ្សាយដោយអង្គការជាតិ និងអន្តរជាតិជាច្រើននៅកម្ពុជា។ ទោះជាមានរបាយការណ៍ តារាង និងមូលដ្ឋានទិន្នន័យយ៉ាងច្រើនជន់ជោរនៅលើអ៊ីនធឺណែត ដែលគេគិតថាអាចអនុញ្ញាតអោយគេវិភាគយ៉ាងល្អិតល្អន់អំពី សេដ្ឋកិច្ចកម្ពុជានិងសង្គមកម្ពុជាក៏ដោយ ប៉ុន្តែបើគេចង់រកព័ត៌មានថ្មី និងគួរអោយទុកចិត្តស្តីពីកម្ពុជា នៅក្នុងស្ថិតិដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ វានៅតែជារឿងមួយដ៏លំបាក។ ការប្រកាសអាសន្នពីវិបត្តិសេដ្ឋកិច្ច មិនត្រូវគ្នាទាល់តែសោះ ហើយតួលេខនីមួយៗមានការប្រែប្រួលតាមអំពើចិត្ត។ ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០០៩ ប្រែប្រួល ចាប់ពី១% រហូតដល់៦% តាមប្រភពផ្សេងៗគ្នា។
ក្រឡាញ់ (សៀមរាប កម្ពុជា) ថ្ងៃទី២៨ សីហា ២០០៨៖ តើការព្យាករណ៍ស្ថិតិ អាចទុកចិត្តបាន ដូចការព្យាករណ៍ឧតុនិយមដែររឺទេ?
© ចន វីង / Magnum
កំណើនផលិតផលក្នុងស្រុកសរុបៈ តើអង្គការណាព្យាករណ៍តិចជាងគេ?
[មូល និធិរូបិយវត្ថុអន្តរជាតិ] មានភាពជឿជាក់ថាប្រទេសកម្ពុជានឹងទទួលរងផលប៉ះពាល់វិបត្តិ សេដ្ឋកិច្ចពិភពលោក។ កាលពី៦ខែមុន ស្ថាប័នដដែលនេះបានវាយតម្លៃថាបើទោះបីជាកំណើន មានការធ្លាក់ចុះបន្តិចបន្តួចក៏ដោយ ក៏សេដ្ឋកិច្ចនៃប្រទេសកម្ពុជានៅតែ «រឹងមាំ»ដដែល។ ប៉ុន្តែ បច្ចុប្បន្ននេះ សូចនាករទាំងអស់កំពុងស្ថិតនៅក្នុងស្ថានភាពលំបាក ដូចជាការថយចុះការបញ្ជា ទិញនៅក្នុងវិស័យរោងចក្រកាត់ដេរ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ វិស័យសំណង់ជួបវិបត្តិ...។ ជាលទ្ធផល អត្រាកំណើនផលិតផលក្នុងស្រុកសរុប ដែលត្រូវកើន៧%នៅឆ្នាំ២០០៨ ត្រូវបានធ្លាក់ ចុះមកត្រឹម៦,៥% ដោយយោងតាមការវាយតម្លៃកាលពីចុងឆ្នាំ។ សម្រាប់ឆ្នាំ២០០៩ យោងតាមរបាយការណ៍ចុងក្រោយរបស់ស្ថាប័នខាងលើ អត្រាកំណើនមិនអាចលើសពី៤,៨%នោះទេ។ លោក John Nelmes តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជាបានវាយតម្លៃ ការព្យាករណ៍នេះមានលក្ខណៈសុទិដ្ឋិនិយម។
ដោយឡែក ធនាគារពិភពលោក ក៏បានកែប្រែការប៉ាន់ប្រមាណរបស់ខ្លួនសម្រាប់ឆ្នាំកន្លងទៅផងដែរ (ធនាគារព្យាករណ៍ថានៅឆ្នាំ២០០៨ មានកំណើន៧,៥% ប៉ុន្តែ មានត្រឹមតែ៦,៧%)។ ធនាគារពិភពលោកធ្វើការព្យាករណ៍អត្រាកំណើនឆ្នាំ២០០៩ គឺប្រហែលជាជិត៥% (មានកំណើន ៤,៩% ពោលគឺតិចជា២ខ្ទង់នៃការព្យាករណ៍ដំបូង»។
ចំណែក ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថាមានកំណើន៤,៧%។ រីឯ ក្រុមអ្នកសេដ្ឋកិច្ច Economist Intelligence Unit (សាខាឯកទេសខាងស្ថិតិ និងការព្យាករណ៍សេដ្ឋកិច្ច ក្នុងក្រុមការងារឯកជនចក្រភពអង់គ្លេស The Economist) បានធ្វើការទស្សន៍ទាយថាអត្រាកំណើនមានប្រហែលជា១% ពោលគឺជាអត្រាកំណើនដ៏ទាបបំផុតដែលប្រទេសកម្ពុជាមិនធ្លាប់ជួបប្រទះ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មក។
យ៉ាងណាមិញ រដ្ឋាភិបាលបានបដិសេធជាផ្លូវការនូវតួលេខទាំងនេះ ដោយបញ្ជាក់ហេតុផលសាមញ្ញថា តួលេខទាំងនេះត្រូវបានគណនាមិនគ្រប់ជ្រុងជ្រោយនោះទេ ដោយសំអាងលើទិន្នន័យដែលរដ្ឋាភិបាលបានផ្សព្វផ្សាយដោយផ្ទាល់ទៅ កាន់ស្ថាប័នទាំងនេះ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ ហើយនិងវិទ្យាស្ថានជាតិស្ថិតិ។ ប៉ុន្តែ រដ្ឋាភិបាលមានឱកាសបង្រួមទិន្នន័យទាំងនេះ ដោយរៀបចំ «ការប៉ាន់ប្រមាណ» និង «គោលដៅ» ផ្ទាល់ខ្លួន។ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានអះអាងកាលពីថ្ងៃទី១៦ ខែ កុម្ភៈ នៅចំពោះមុខអ្នកសេដ្ឋកិច្ចអន្តរជាតិថា ផលិតផលក្នុងស្រុកសរុបនៃប្រទេសកម្ពុជាអាចនឹងកើនឡើងដល់៦% !
មេឃស្រឡះល្អ រឺមានព្យុះភ្លៀង?
រវាង ការព្យាករណ៍របស់រដ្ឋាភិបាល ក្រុមការងារចក្រភពអង់គ្លេស ធនាគារពិភពលោក មូលនិធិរូបិយវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី គេពិបាកដឹងថាតើតួលេខមួយណាដែលគួរអោយទុកចិត្តបានណាស់។ ប៉ុន្តែ ការវិភាគភាគច្រើនមានភាពសុទិដ្ឋិនិយមដូចគ្នា។ តួយ៉ាង អង្គការពលកម្មអន្តរជាតិបានប្រកាសអំពីអ្នកអត់ការងារធ្វើជា ច្រើនពាន់នាក់នៅក្នុងវិស័យសំខាន់ៗនៃប្រទេសកម្ពុជា។ ពួកគេគឹជាជនរងគ្រោះនៃវិបត្តិ ដែលប៉ះពាល់យ៉ាងហោចណាស់លើប្រជាជនកម្ពុជា៥សែននាក់ ហើយនៅចុងឆ្នាំ២០០៩ អាចប្រមាណជាង១លាននាក់។ ចំណែក សារព័ត៌មានប្រចាំថ្ងៃបារាំង ឡឺម៉ុង (Le Monde) បានសរសេរនៅក្នុងអត្ថបទចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈថា «សេដ្ឋកិច្ចកម្ពុជាបានទទួលរងផលប៉ះពាល់ពីវិបត្តិពិភពលោក»។ សារព័ត៌មានប្រចាំទីក្រុងប៉ារីសនេះក៏បានគូសបញ្ជាក់ផងដែរអំពីភាព ផ្ទុយគ្នារវាងរូបភាពវិជ្ជមាននៃប្រទេសកម្ពុជា [ចាប់តាំងពីរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច នៅចំណោមបណ្តាប្រទេសនៃទ្វីបអាស៊ី] និងរូបភាពដ៏ស្រអាប់នៃសេដ្ឋកិច្ចប្រទេសជាតិមួយ ក្នុងចំណោមប្រទេសក្រីក្រនៅលើពិភពលោក»។
កំពស់ទាប និងមានសុខភាពទន់ខ្សោយ
ជា ការពិតណាស់ ប្រសិនជាយើងផ្គុំតែទិន្នន័យដែលទទួលបាននៅលើបណ្តាញអ៊ីនធឺណែត ដាក់ជាបន្តបន្ទាប់នោះ រូបភាពប្រហែលមិនសូវគួរអោយពេញចិត្តប៉ុន្មាននោះទេ៖ «ប្រជាជនកម្ពុជា» មានជីវភាពក្រីក្រ (ប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់មនុស្សម្នាក់ ក្រោម៦០០ដុល្លារ បើតាមរដ្ឋាភិបាល) ពុករលួយ (ចំណាត់ថ្នាក់ទី១៦៦ ចំណោម១៨០ប្រទេសនៅក្នុងចំណាត់ថ្នាក់ឆ្នាំ២០០៨ នៃសន្ទស្សន៍អំពើពុករលួយ របស់អង្គការតម្លាភាពអន្តរជាតិ Transparency International) មានសុខភាពទន់ខ្សោយ (អត្រាសង្ឃឹមរស់មធ្យម គឺ៦២ឆ្នាំ ធៀបនឹង៧២ឆ្នាំ នៅប្រទេសថៃ និងវៀតណាម) និងមានកំពស់ទាប (ចំណាត់ទី៨១ ចំណោម៨១ប្រទេស៖ កំពស់មធ្យមសម្រាប់បុរសពេញវ័យ គឺ១,៦២ម៉ែត្រ ធៀបនឹង១,៦៤ម៉ែត្រ សម្រាប់បុរសវៀតណាម និង១,៦៩ សម្រាប់បុរសថៃ ហើយនិង១,៨៤ សម្រាប់បុរសហូឡង់)។
តួលេខរៀងៗខ្លួន
ការ ប្រៀបធៀបតួលេខនៃទិន្នន័យខាងលើមិនអាចយកជាការបាននោះទេ ដោយសារទិន្នន័យដែលត្រូវបានចេញផ្សាយនៅលើឯកសារ និងនៅលើវិបសាយនៃស្ថាប័នល្បីៗ ដែលអាចទុកបាន ភាគច្រើនសុទ្ធសឹងជាតួលេខដែលគេលែងប្រើ រឺត្រូវបានប្រមូល តាមវិធីសាស្រ្តផ្សេងៗគ្នា។ សម្រាប់មូលដ្ឋានទិន្នន័យសាធារណៈនៃបណ្តាអង្គការជាច្រើន (អង្គការសុខភាពពិភពលោក ធនាគារពិភពលោក យូនីសេហ្វ CIA …) ប្រជាជនកម្ពុជាបានកើនឡើងយ៉ាងច្រើន ពី១៤ ទៅ១៥លាននាក់ ចាប់តាំងពីឆ្នាំ២០០៦ ខណៈដែលការធ្វើជំរឿនថ្នាក់ជាតិចុងក្រោយនាឆ្នាំ២០០៨ បានបង្ហាញថាកម្ពុជាមានប្រជាជន១៣,៣៩លាននាក់។ បើតាមប្រភពផ្សេងៗ អត្រាសង្ឃឹមរស់របស់ប្រជាជនកម្ពុជាមានគម្លាតពីគ្នា រយៈពេលប្រាំឆ្នាំ (ពី៥៧ឆ្នាំ បើតាមយូនីសេហ្វ រហូតដល់៦២ឆ្នាំ បើតាមអង្គការសុខភាពពិភពលោក)...។ ផលិតផលក្នុងស្រុកសរុបមធ្យមប្រចាំឆ្នាំ នៅឆ្នាំ២០០៧ ប្រជាជនកម្ពុជាមួយនាក់ គឺ៥៤០ដុល្លារ បើតាមធនាគារពិភពលោក ធៀបនឹង៦០៧ដុល្លារ បើតាមមូលនិធិរូបិយវត្ថុ។
សន្ទស្សន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍?
ក្រៅអំពី តួលេខខាងលើមានគម្លាតខុសគ្នា ជានិច្ចកាល គុណភាពនៃសន្ទស្សន៍ទាំងនេះក៏តែងតែទទួលរងនូវការរិះគន់ផងដែរ។ អ្នកខ្លះបានវាយតម្លៃថាសន្ទស្សន៍ទាំងនេះនាំមកនូវចក្ខុវិស័យខុស ពីការពិត ហើយបានអំពាវនាវអោយមានការបង្កើតវិធានការបច្ចេកទេសថ្មី រឺប្រើប្រាស់យុទ្ធសាស្រ្តផ្សេង ដែលត្រូវបានបង្កើតរួចមកហើយ។ បច្ចេកទេសថ្មីទាំងនេះអាចធ្វើអោយការវិភាគពីសេដ្ឋកិច្ច និងសង្គមពិភពលោកសម័យទំនើប ជាពិសេសនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា មានលក្ខណៈជាការពិតច្រើន។ ការលើកឡើងអំពីកំហុសឆ្គងស្ថិតិ រឺការប្រមាថសន្ទស្សន៍សេដ្ឋកិច្ច ប្រហែលជាមិនសូវងាយស្រួលប៉ុន្មាននោះទេ។ ទោះយ៉ាងណា ប្រឈមនឹងទស្សនៈវិស័យស្រពិចស្រពិលទាំងនេះ វាអាចបង្ហាញអោយឃើញថា តួលេខទាំងនេះត្រូវបានរំពឹងទុកដូចជាឧបករណ៍ ដើម្បីស្វែងយល់ពិភពលោកដ៏ស្មុគស្មាញអោយកាន់តែងាយស្រួល មិនត្រូវយកលំនាំតាម រឺប្រតិកម្មប្រឆាំងនោះទេ។
source: http://khmer.ka-set.info
Subscribe to:
Post Comments (Atom)
No comments:
Post a Comment