ការអានសៀវភៅឬអានឯកសារ វាមិនស្រួលដូចការស្តាប់វិទ្យុ ឬ មើលទូរទស្សន៍នោះទេ ។ ការអានទាមទារថាមពលពិចារណាផ្នែកបញ្ញាញាណខ្លាំងជាងការស្តាប់ និងការ ទស្សនា ។
បើទោះបីជាយ៉ាងនេះក្តីក៏ជនជាតិបរទេសមួយចំនួនធំនៅតែចូលចិត្ត ការអាន ។ សម្រាប់ប្រទេសកម្ពុជាវិញ គ្មានការអង្កេតណាមួយបញ្ជាក់ថា មាន ប្រជាជនខ្មែរប៉ុន្មានភាគរយនោះទេ ដែលចូលចិត្តអាន ឬមិនចូលចិត្តអាន នោះ ប៉ុន្តែបើផ្អែកលើការពិនិត្យជាក់ស្តែងគេអាចនិយាយបានថា អត្រានៃ ការអានរបស់ជនជាតិខ្មែរមានកម្រិតទាបណាស់ ។
យ៉ាងជាក់ស្តែងនោះ ក្នុងចំណោមប្រជាជនចំនួន១៤លាននាក់ គឺ មានអ្នកអានកាសែតមិនដល់ទៅ១០ ភាគរយផង បើសិនជាយើងពិនិត្យមើល ចំនួនអ្នកអានកាសែតនៅក្នុងប្រទេស កម្ពុជា ។ កាសែតធំៗទាំងបី (រស្មីកម្ពុជា កោះសន្តិភាព និងកម្ពុជាថ្មី) ត្រូវបានគេដឹងថាបោះពុម្ពកាសែតតែខ្ទង់ម៉ឺនច្បាប់ ប៉ុណ្ណោះ ក្នុង១ថ្ងៃ។
- ខ្មែរមានទម្លាប់អានកាលពី អតីតកាល
បើពិនិត្យទៅលើប្រវត្តិសាស្ត្រ គេសង្កេតឃើញថា កាលពីអតីតកាល ប្រជាជនខ្មែរមានទម្លាប់អានច្រើនជាង បច្ចុប្បន្ននេះ បើទោះបីអត្រានៃការអាន របស់ជនជាតិខ្មែរនាពេលនោះមានតិច ជាងជនជាតិបរទេសក៏ដោយ ។ ការ ស្រុតចុះនៃអត្រាទម្លាប់អានរបស់ខ្មែរ ត្រូវបានគេទម្លាក់កំហុសមួយផ្នែកទៅ លើរបបប៉ុលពត ។ របបប៉ុលពតគឺជា ពេលវេលាកាត់ផ្តាច់មនោសញ្ចេតនា រវាងអ្នកអាននិងឯកសារនានា ។
មិនត្រឹមតែប៉ុណ្ណោះ ភាពក្រីក្រ ក៏ជាកត្តាជំរុញមិនឱ្យប្រជាជនចង់អាន នោះដែរ ។ បើគិតមកដល់ឆ្នាំ២០០៧ កន្លងមកប្រទេសកម្ពុជានៅមានប្រជាជន៣០ភាគរយទៀតកំពុងរស់នៅ ក្រោមបន្ទាត់ភាពក្រីក្រ ។ មានន័យថា ពួកគេរកប្រាក់ចំណូលបានតិចជាងមួយ ដុល្លារសម្រាប់មនុស្សម្នាក់សម្រាប់មួយថ្ងៃ ។ នៅពេលដែលក្រពះស្រេកឃ្លាន គេពិតគ្មានអារម្មណ៍អាននោះទេ ។ ភាពក្រីក្រមិនអនុញ្ញាតឱ្យប្រជាជនអាចមាន ពេលវេលាសម្រាប់អានទេ ។
លើសពីនេះទៅទៀតអ្នកតាមដានការវិវត្តន៍នៃស្ថានភាពសង្គមបានកត់សម្គាល់ថា កត្តាមិនចេះអក្សរក៏ជារបាំងនៃការអានដែរ ។
ប្រជាជនខ្មែរមួយចំនួនគឺជា អនក្ខរជន មានន័យថាពួកគេមិនចេះ ទាំងអាន និងសរសេរ ។
កត្តាមួយទៀតដែលរារាំងការអានដែរនោះ គឺកង្វះខាតឯកសារជាភាសាខ្មែរ ។ ឯកសារជាច្រើនមានជា ភាសាបរទេស ដូច្នេះអ្នកមិនចេះភាសា បរទេសពិតជាមានឧបសគ្គក្នុងការ ស្រាវជ្រាវ ។
លោកសួន ឱសថទីប្រឹក្សានៃ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានទម្លាក់ កំហុសមួយផ្នែកទៅលើកង្វះខាតឯកសារ ដែលជាប្រការធ្វើឱ្យអ្នកអានពិបាក រកអ្វីអាន ។
បញ្ហាមួយទៀតដែលលោក លើកដែរនោះ គឺដោយសារបច្ចុប្បន្ន នេះប្រទេសកម្ពុជាមានបណ្តាញផ្សព្វផ្សាយសំឡេងនិងរូបភាពច្រើនពេក ។
លោកសួន ឱសថ បានច្រានចោលគំនិតដែលថាខ្មែរមិនចូលចិត្ត អាន។ លោកបានបញ្ជាក់ថា ខ្មែរមិន មែនខ្ជិលអានទេ កាលពីសង្គមចាស់ ខ្មែរចូលចិត្តអានណាស់ ពីព្រោះកាល នោះមានឯកសារច្រើន ជាភាសាបារាំង ហើយខ្មែរកាលនោះចេះភាសាបារាំង ច្រើនគ្នា។
លោករស់ ចន្ត្រាបុត្រ អតីត អនុប្រធានរាជបណ្ឌិត្យសភានិងបច្ចុប្បន្ន ជាទីប្រឹក្សារបស់ស្ថាប័ននេះបានចាត់ទុក កង្វះខាតឯកសារ គឺឧបសគ្គនៃការ អាន។ លោកបានបញ្ជាក់ថាយើងខ្វះអ្វីថ្មី សម្រាប់អាន និងអ្វីដែលមានសារសំខាន់ ។ កាសែតសរសេរភាគច្រើន តែឃាតកម្មឬគ្រោះថ្នាក់ចរាចរណ៍។
ក្រៅអំពីកង្វះខាតឯកសារ គេសង្កេតឃើញថា ប្រទេសកម្ពុជានៅ ខ្វះបណ្ណាល័យអានជាច្រើន និងខ្វះព័ត៌មានឯករាជ្យដែលជំរុញឱ្យអ្នកអានចង់ អាននិងចង់ដឹង ។ ការផ្តល់ព័ត៌មាន លំអៀងខ្លាំងពេក ឬការផ្តល់ព័ត៌មាន មិនពិតក៏ជាប្រការបំបាក់ទឹកចិត្តអ្នកអាន មួយផ្នែកផងដែរ ។
យុវសិស្ស ផល អាយុ១៩ឆ្នាំ ដែល ទើបតែប្រឡងបាក់ឌុបហើយ បាន និយាយថា ខ្លួនគេមិនដែលអានឯកសារ អ្វីក្រៅពីមេរៀនក្នុងថ្នាក់នោះទេ ។ យុវជនអាយុ១៩ឆ្នាំរូបនេះបាននិយាយ សារភាពថាខ្ញុំមិនដែលអានកាសែតទេ ពីព្រោះកាសែតផ្សាយតែប្រភេទ ព័ត៌មានដដែលៗ ដូចជាគ្រោះថ្នាក់ ចរាចរណ៍ ឬការរំលោភសេពសន្ថវៈជា ដើម ។ ខ្ញុំធុញនឹងព័ត៌មានទាំងនេះ ណាស់។
យុវជនម្នាក់ទៀតឈ្មោះភារម្យ អាយុ១៩ឆ្នាំ បានសារភាពដែរថា ខ្លួន គេក៏ដូចជាមិត្តភក្តិដទៃទៀតដែរ មិនសូវ ចូលចិត្តអានទេ ពីព្រោះពួកគេសព្វថ្ងៃ ចំណាយពេលវេលាច្រើនសម្រាប់ដើរ កម្សាន្តឬហូបគ្រឿងស្រវឹង ឬច្រៀង ខារ៉ាអូខេទៅវិញ ។ លើសពីនេះ យុវសិស្សនេះបានបញ្ជាក់ទាំងអារម្មណ៍ អៀនថាក្មេងៗមួយចំនួនឥឡូវមិនអានទេ តែបែរជានាំគ្នាចំណាយពេលវេលា ច្រើនដើម្បីលេងហ្គេមទៅវិញ ។
លោករ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀនឯករាជ្យកម្ពុជាបានប៉ាន់ស្មានថា មានយុវសិស្សប្រមាណជា ជាង១០ភាគរយប៉ុណ្ណោះចូលចិត្តការ អាន ។ ចំណែកឯកសិករ អាជីវករ កម្មករ រឹតតែមិនចូលចិត្តទៅទៀត ។
- កាដូជាសម្ភារៈសិក្សាអាច កែប្រែទម្លាប់អាន
ពាក្យថាទម្លាប់គឺជាការកើត ឡើងដោយឯងៗ ឬដោយធ្វើឡើងតាម គ្នាហើយទង្វើនេះវាកើតឡើងក្នុងរយៈ ពេលវែង ។ ដូច្នេះការកែប្រែទម្លាប់ អាន វាមិនមែនជាកិច្ចការមួយដែលអាច សម្រេចបានភ្លាមៗនោះទេ ប៉ុន្តែបើគេ មិនចាប់ផ្តើម ក៏គេមិនអាចរកឃើញ គោលដៅនោះដែរ ។
អ្នកជំនាញមួយចំនួនបាននិយាយ ថា ដើម្បីកែប្រែទម្លាប់មិនសូវចូលចិត្ត អានឱ្យមកអានវិញនោះឪពុកម្តាយត្រូវ មានតួនាទីសំខាន់ជាងគេ ក្នុងការ បណ្តុះគំនិតនេះ ។ការបណ្តុះគំនិតនេះ ត្រូវធ្វើឡើងជាមួយក្មេងៗតាំងពីនៅ តូច។ អ្នកជំនាញដដែលបន្តទៀតថា ឪពុកម្តាយត្រូវនាំកូនចូលបណ្ណាគារ ឱ្យបានញឹកញាប់ជាជាងនាំពួកគេចូល ហាងចំណីអាហារ ។
ម្យ៉ាងវិញទៀតឪពុកម្តាយត្រូវ បណ្តុះគំនិតឱ្យក្មេងៗផ្តល់កាដូឱ្យគ្នា ជាសៀវភៅប៊ិកឬកាបូបជាជាងរបស់ មានតម្លៃផ្សេងៗ”។
លោករស់ ចន្ត្រាបុត្រ អតីតអនុប្រធានរាជបណ្ឌិត្យសភានិងបច្ចុប្បន្នជា ទីប្រឹក្សារបស់ស្ថាប័ននេះបាននិយាយថា ដើម្បីជំរុញការអានឡើងវិញការងារ ដំបូងដែលត្រូវធ្វើគឺការបណ្តុះបណ្តាល ធនធានមនុស្សបន្ទាប់មកត្រូវជំរុញការ បង្កើតស្នាដៃផ្សេងៗប្លែកៗ និងមាន សារសំខាន់ ។
មនុស្សមួយចំនួនយល់ថាការអានធ្វើឱ្យធុញទ្រាន់ ប៉ុន្តែសម្រាប់អ្នក ជំនាញវិញការអាន គឺជាការកម្សាន្តដូច ការកម្សាន្តដទៃទៀតដែរ ៕
Source : http://www.cambodiaonlinenews.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment