Friday, August 14, 2009

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង? ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក​

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក​
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-០២-២០០៩
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​ទោះ​ជាមាន​របាយ​ការណ៍​ តារាង និងមូលដ្ឋាន​​ទិន្នន័យយ៉ាង​​ច្រើន​ជន់​ជោរ​នៅលើ​អ៊ីនធឺណែត ដែលគេ​គិត​ថា​អាច​​អនុញ្ញាត​អោយ​គេ​​វិភាគ​យ៉ាង​ល្អិត​ល្អន់​​​អំពី​​ សេដ្ឋកិច្ច​​​​​កម្ពុជា​និង​សង្គម​កម្ពុជា​ក៏​ដោយ ប៉ុន្តែ​បើ​គេ​ចង់​រក​ព័ត៌មាន​ថ្មី និង​គួរ​អោយ​ទុក​ចិត្ត​​​​​​​ស្តី​ពី​កម្ពុជា នៅ​ក្នុង​ស្ថិតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំងនោះ​​​ វានៅ​តែ​ជា​រឿង​​​មួយ​ដ៏​លំបាក​​​។ ការ​​ប្រកាស​​អាសន្ន​​​ពី​​វិបត្តិ​​សេដ្ឋកិច្ច​​ ​មិន​​​ត្រូវ​គ្នា​​​ទាល់​តែ​សោះ ហើយ​តួ​លេខ​នីមួយៗ​​​មានការ​ប្រែ​ប្រួលតាម​អំពើចិត្ត​។ ការ​ព្យាករណ៍ពី​​កំណើន​សេដ្ឋកិច្ច​សម្រាប់​​​ឆ្នាំ​២០០៩ ​ប្រែ​ប្រួល​​ ចាប់ពី​១% រហូតដល់​៦% តាម​ប្រភព​ផ្សេងៗគ្នា។




ក្រឡាញ់ (សៀមរាប កម្ពុជា) ថ្ងៃទី​២៨ សីហា ២០០៨៖ តើ​ការ​ព្យាករណ៍​ស្ថិតិ អាច​ទុកចិត្ត​បាន ដូច​ការ​ព្យាករណ៍​ឧតុនិយមដែរ​រឺទេ​?
© ចន វីង​ / Magnum



កំណើនផលិត​ផល​ក្នុង​ស្រុក​សរុបៈ តើអង្គការ​ណា​ព្យាករណ៍​តិច​ជាងគេ?​
[មូល ​និធិ​រូបិយវត្ថុ​អន្តរ​ជាតិ] មានភាព​ជឿ​ជាក់​ថា​ប្រទេស​កម្ពុជា​​នឹង​ទទួល​រង​ផល​ប៉ះពាល់​វិបត្តិ​​ សេដ្ឋកិច្ច​ពិភព​លោក។ ​​កាលពី​៦​ខែ​មុន​ ស្ថាប័ន​ដដែល​នេះ​បាន​វាយ​តម្លៃ​ថា​បើ​​ទោះបី​​ជា​​​​កំណើន មានការ​ធ្លាក់ចុះបន្តិច​បន្តួច​ក៏ដោយ ក៏​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នៅ​តែ​ «រឹង​មាំ»​ដដែល។ ប៉ុន្តែ​ បច្ចុប្បន្ន​នេះ សូចនាករ​ទាំង​អស់​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាក ដូចជា​ការ​​​ថយ​ចុះ​ការ​បញ្ជា ទិញ​នៅក្នុង​វិស័យ​រោង​ចក្រ​កាត់ដេរ ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ វិស័យ​​សំណង់​ជួប​វិបត្តិ...។ ជា​លទ្ធផល អត្រា​កំណើនផលិត​ផល​ក្នុង​ស្រុក​សរុប​ ដែ​ល​ត្រូវ​កើន​​៧%​នៅ​ឆ្នាំ​២០០៨ ត្រូវ​បាន​ធ្លាក់ ចុះ​​មក​ត្រឹម​៦,៥% ដោយ​យោង​តាម​ការ​វាយ​តម្លៃ​​កាល​ពី​​​ចុ​ង​ឆ្នាំ​។​ សម្រាប់​ឆ្នាំ​២០០៩ យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​ស្ថាប័ន​ខាង​លើ​ អត្រា​​កំណើន​មិន​អាច​លើស​ពី​៤,៨%​នោះ​ទេ។ លោក​ John Nelmes តំណាង​មូល​និធិ​រូបិយ​វត្ថុ​​អន្តរ​​ជាតិ​ប្រចាំ​កម្ពុជា​​​បាន​វាយ​តម្លៃ​​ ការ​​ព្យាករណ៍​នេះ​មាន​​លក្ខណៈ​សុទិដ្ឋិនិយម​។​

ដោយ​ឡែក ធនាគារ​ពិភព​លោក​ ក៏​បាន​កែ​ប្រែ​ការ​ប៉ាន់​ប្រមាណ​របស់ខ្លួន​សម្រាប់​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ (ធនាគារ​ព្យាករណ៍​ថានៅ​ឆ្នាំ​២០០៨ មានកំណើន៧,៥% ប៉ុន្តែ មាន​ត្រឹម​តែ​៦,៧%)​។ ធនាគារ​ពិភព​លោក​ធ្វើការព្យាករណ៍​​​អត្រា​កំណើន​ឆ្នាំ​២០០៩ គឺ​ប្រហែលជា​ជិត​៥% (មាន​កំណើន​ ៤,៩% ពោលគឺ​តិច​ជា​២ខ្ទង់​នៃការ​ព្យាករណ៍​ដំបូង»។

ចំណែក​​ ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​​បាន​​ព្យាករណ៍​ថា​មាន​កំណើន​៤,៧%។ រីឯ​​​ ក្រុម​អ្នក​​​សេដ្ឋកិច្ច​ Economist Intelligence Unit (សាខា​ឯក​ទេស​ខាង​​ស្ថិតិ និង​ការ​ព្យាករណ៍​សេដ្ឋកិច្ច​​ ​ក្នុង​​​ក្រុម​ការងារ​​ឯកជន​ចក្រ​ភព​អង់គ្លេស The Economist) បាន​ធ្វើការ​ទស្សន៍​ទាយ​​ថា​​អត្រា​កំណើន​មាន​ប្រហែល​ជា​១% ពោលគឺ​ជា​អត្រា​កំណើន​ដ៏ទាប​បំផុត​ដែល​ប្រទេស​​កម្ពុជា​មិនធ្លាប់​ជួប​ប្រទះ ចាប់​តាំង​ពី​មានកិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១​ មក។​

យ៉ាង​ណាមិញ រដ្ឋាភិបាល​បាន​​បដិសេធ​ជា​ផ្លូវការ​នូវ​តួលេខ​ទាំង​នេះ ដោយ​បញ្ជាក់​ហេតុ​ផល​​សាមញ្ញ​ថា តួលេខ​ទាំង​នេះ​ត្រូវ​បានគណនា​​​​មិន​គ្រប់​ជ្រុង​ជ្រោយនោះ​ទេ​ ដោយ​សំអាង​លើ​​ទិន្នន័យ​ដែល​រដ្ឋាភិបាល​បាន​​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ទៅ​ កាន់​ស្ថាប័ន​​​ទាំង​នេះ តាម​រយៈ​​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ ក្រសួង​ផែន​ការ​ ហើយ​និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ។ ប៉ុន្តែ រដ្ឋាភិបាល​​​មាន​ឱកាស​បង្រួម​​ទិន្នន័យ​ទាំង​នេះ​ ដោយ​រៀប​ចំ​ «ការ​ប៉ាន់​ប្រមាណ» និង​ «គោល​​ដៅ​» ផ្ទាល់ខ្លួន។ សម្តេច​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​បានអះអាង​កាលពី​ថ្ងៃទី​១៦ ខែ​ កុម្ភៈ​ នៅ​ចំពោះ​មុខ​អ្នក​សេដ្ឋកិច្ច​អន្តរ​ជាតិ​ថា ផលិត​ផល​ក្នុង​ស្រុក​សរុប​នៃ​ប្រទេស​កម្ពុជា​អាច​​នឹង​កើនឡើង​ដល់​​៦% !

មេឃ​ស្រឡះ​ល្អ រឺ​មានព្យុះ​ភ្លៀង?
រវាង ​ការ​ព្យាករណ៍​របស់​រដ្ឋាភិបាល ​ក្រុម​ការងារ​ចក្រ​ភព​អង់គ្លេស ធនាគារ​ពិភព​លោក មូលនិធិ​រូបិយវត្ថុ និងធនាគា​រអភិវឌ្ឍន៍​អាស៊ី គេ​ពិបាក​ដឹង​ថា​តើ​តួ​លេខ​មួយ​ណា​ដែល​​​គួរ​អោយ​​ទុក​ចិត្ត​បានណាស់​។ ប៉ុន្តែ ការ​វិភាគ​ភាគ​ច្រើន​មានភាព​សុទិដ្ឋិនិយម​​ដូចគ្នា។ តួ​យ៉ាង អង្គការ​​ពល​កម្ម​អន្តរ​ជាតិ​បាន​ប្រកាស​អំពី​អ្នកអត់​ការ​ងា​រធ្វើ​ជា​ ច្រើន​ពាន់​នាក់​នៅ​ក្នុ​ង​វិស័យ​សំខាន់​ៗ​​នៃ​ប្រទេស​កម្ពុជា។ ពួ​កគេ​គឹជា​ជន​រង​គ្រោះនៃ​វិបត្តិ​​ ដែល​ប៉ះពាល់​យ៉ាង​ហោច​ណាស់​​លើ​ប្រជាជន​កម្ពុជា​៥សែន​នាក់​ ហើយ​នៅ​ចុង​ឆ្នាំ​២០០៩ អា​ច​ប្រមាណ​ជាង​១​លាន​នាក់​​។ ចំណែក សារព័ត៌មាន​ប្រចាំ​ថ្ងៃបារាំង​​ ឡឺម៉ុង (Le Monde) បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ​ថា «សេដ្ឋកិច្ច​កម្ពុជា​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​​វិបត្តិ​​ពិភព​​លោក»។ សារព័ត៌មាន​ប្រចាំ​ទីក្រុ​ង​ប៉ារីស​នេះក៏​​បានគូស​បញ្ជាក់​ផង​ដែរ​អំពី​ភាព​ ផ្ទុយ​គ្នា​​រវាង​​រូប​ភាព​វិជ្ជមាន​នៃ​ប្រទេស​កម្ពុជា [​​ចាប់​តាំង​ពី​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​​មាន​កំណើន​​​សេដ្ឋកិច្ច​ នៅ​ចំណោម​​បណ្តា​ប្រទេស​នៃទ្វីប​អាស៊ី] និង​រូបភាព​ដ៏​ស្រអាប់​នៃ​សេដ្ឋកិច្ច​​ប្រទេស​​ជាតិ​មួយ ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​នៅលើ​ពិភព​លោក»​។

កំពស់ទាប និង​មាន​សុខភាព​ទន់ខ្សោយ
ជា ​ការ​ពិតណាស់ ប្រសិន​ជា​យើង​​ផ្គុំ​​តែ​ទិន្នន័យ​ដែលទទួល​បាន​នៅ​លើ​​​បណ្តាញ​អ៊ីនធឺណែត​​ ​ដាក់​​ជា​បន្ត​បន្ទាប់​​នោះ រូបភាព​ប្រហែល​មិនសូវ​​គួរ​អោយ​ពេញ​ចិត្ត​ប៉ុន្មាន​នោះទេ៖ «ប្រជា​ជន​​​​កម្ពុជា​​» មានជីវភាព​ក្រីក្រ (​ប្រាក់​ចំណូល​​មធ្យម​ប្រចាំ​ឆ្នាំរបស់មនុស្ស​ម្នាក់​ ក្រោម​៦០០​ដុល្លារ បើ​តាម​រដ្ឋាភិបាល) ពុករលួយ (ចំណាត់​ថ្នាក់ទី​១៦៦ ចំណោម​១៨០ប្រទេស​នៅ​ក្នុង​ចំណាត់ថ្នាក់​ឆ្នាំ​២០០៨ នៃ​សន្ទស្សន៍​អំពើពុករលួយ របស់អង្គការ​តម្លាភាព​អន្តរ​ជាតិ Transparency International) ​មាន​សុខភាព​ទន់ខ្សោយ (​អត្រា​សង្ឃឹម​រស់​មធ្យម​ គឺ​៦២​ឆ្នាំ ធៀប​​​​នឹង​៧២​ឆ្នាំ ​នៅប្រទេស​ថៃ និង​វៀតណាម) និង​មាន​កំពស់ទាប (ចំណាត់​ទី​៨១ ចំណោម​​​៨១​ប្រទេស​៖ ​កំពស់​មធ្យម​សម្រាប់​បុរស​​​ពេញ​វ័យ​ គឺ​១,៦២ម៉ែត្រ ធៀប​នឹង​១,៦៤​ម៉ែត្រ​ សម្រាប់​បុរស​វៀតណា​ម​​ និង​១,៦៩ សម្រាប់​បុរស​​ថៃ ហើយនិង​១,៨៤ សម្រាប់​បុរស​​​ហូឡង់)​​។​

​តួលេខ​រៀងៗខ្លួន
ការ ​ប្រៀប​ធៀប​តួលេខ​នៃ​ទិន្នន័យ​ខាងលើ​មិនអាចយកជា​ការ​បាន​នោះទេ ដោយ​សារ​ទិន្នន័យ​​ដែល​​​ត្រូវ​បាន​ចេញ​ផ្សាយ​​នៅលើ​ឯកសារ និង​នៅ​លើ​វិប​សាយ​នៃ​​ស្ថាប័ន​ល្បីៗ ដែល​​​​​អា​ចទុក​បាន ភាគច្រើនសុទ្ធ​សឹង​ជា​តួលេខ​ដែល​គេ​លែង​ប្រើ​ រឺ​ត្រូវ​បាន​ប្រមូល​ ​តាម​វិធី​សាស្រ្ត​​​ផ្សេងៗគ្នា​។​ សម្រាប់​​មូល​ដ្ឋាន​ទិន្នន័យ​សាធារណៈ​នៃ​បណ្តា​អង្គការ​ជា​ច្រើន (​អង្គការ​សុខភាព​ពិភព​លោក ធនាគារ​ពិភព​លោក យូនីសេហ្វ CIA …) ប្រជា​ជន​កម្ពុជា​បាន​កើនឡើង​យ៉ាង​ច្រើន ពី​១៤ ទៅ​១៥លាន​នាក់ ចាប់តាំង​ពីឆ្នាំ​២០០៦ ខណៈដែល​​ការ​ធ្វើ​ជំរឿន​ថ្នាក់​​ជាតិ​ចុង​ក្រោយ​នា​ឆ្នាំ​២០០៨ បាន​បង្ហាញ​​​​ថា​កម្ពុជា​មាន​ប្រជាជន​១៣,៣៩​លាន​នាក់​។ បើ​តាម​ប្រភព​ផ្សេងៗ អត្រា​សង្ឃឹម​រស់​​របស់​​​ប្រជាជន​កម្ពុជា​មានគម្លាត​ពី​គ្នា​ ​រយៈ​ពេល​​​ប្រាំ​ឆ្នាំ​ (ពី​៥៧ឆ្នាំ បើ​តាម​យូនីសេហ្វ រហូត​ដល់​​​​​៦២​ឆ្នាំ បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក)...។​ ផលិត​ផល​​ក្នុង​​ស្រុក​សរុប​​​មធ្យម​ប្រចាំ​ឆ្នាំ នៅ​ឆ្នាំ​២០០៧ ប្រជាជន​កម្ពុជា​មួយ​នាក់​ គឺ​៥៤០​ដុល្លារ បើ​តាមធនាគារ​ពិភព​លោក​ ធៀប​​​​​នឹង​​៦០៧​ដុល្លារ បើ​តាម​មូលនិធិ​រូបិយវត្ថុ។​

សន្ទស្សន៍​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍?​
ក្រៅអំពី ​​តួលេខ​ខាង​លើ​មាន​គម្លាតខុស​គ្នា​ ជា​និច្ចកាល​ គុណភាព​នៃសន្ទស្សន៍​ទាំង​នេះ​ក៏​តែង​តែ​​ទទួល​រង​នូវ​ការ​​​រិះគន់​ផង​ដែរ​។ អ្នកខ្លះ​បាន​វាយ​តម្លៃ​ថា​សន្ទស្សន៍​ទាំងនេះ​នាំ​មក​នូវ​ចក្ខុវិស័យ​​ខុស​ ពី​ការ​​​ពិត ហើយ​បាន​អំពាវនាវ​អោយមាន​ការ​បង្កើតវិធាន​ការ​បច្ចេកទេស​​​​​ថ្មី រឺ​ប្រើ​ប្រាស់​​យុទ្ធ​សាស្រ្ត​​​​​​ផ្សេង​ ដែល​ត្រូវ​បាន​បង្កើត​រួច​មកហើយ។ បច្ចេក​ទេស​​ថ្មី​ទាំង​នេះ​អាច​ធ្វើ​អោយ​​ការ​​វិភាគ​ពី​សេដ្ឋកិច្ច និង​សង្គម​ពិភព​លោកសម័យទំនើប ជា​ពិសេស​នៅតាម​បណ្តា​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូចជា​ប្រទេស​កម្ពុជា​ មានលក្ខណៈ​ជា​ការ​ពិត​ច្រើន​។ ការ​លើក​ឡើង​អំពីកំហុស​ឆ្គង​ស្ថិតិ រឺ​ការ​ប្រមាថ​សន្ទស្សន៍​​សេដ្ឋកិច្ច ​​ប្រហែលជា​មិនសូវ​ងាយ​ស្រួល​​ប៉ុន្មាន​នោះទេ។ ទោះ​យ៉ាង​ណា​ ប្រឈម​​​នឹង​ទស្សនៈវិស័យ​ស្រពិចស្រពិលទាំង​នេះ​ វា​​​អាច​បង្ហាញ​អោយឃើញ​ថា​​ តួលេខ​ទាំង​នេះ​ត្រូវ​បានរំពឹង​ទុក​ដូចជា​ឧបករណ៍​ ដើម្បី​ស្វែង​យល់​ពិភព​លោក​ដ៏ស្មុគស្មាញ​អោយ​កាន់​តែ​ងាយស្រួល ​មិន​ត្រូវ​យកលំនាំ​តាម​ រឺ​ប្រតិកម្ម​ប្រឆាំង​​នោះទេ។
source: http://khmer.ka-set.info

No comments: