Monday, August 17, 2009

reading!

ការអាន​សៀវភៅ​ឬ​អាន​ឯកសារ វា​មិន​ស្រួល​ដូច​ការ​ស្តាប់​វិទ្យុ ឬ មើល​ទូរទស្សន៍​នោះទេ ។ ការអាន​ទាមទារ​ថាមពល​ពិចារណា​ផ្នែក​បញ្ញាញាណ​ខ្លាំង​ជាង​ការ​ស្តាប់ និង​ការ ទស្សនា ។​

​បើទោះបីជា​យ៉ាងនេះក្តី​ក៏​ជនជាតិ​បរទេស​មួយ​ចំនួន​ធំ​នៅ​តែ​ចូលចិត្ត ការអាន ។ សម្រាប់​ប្រទេស​កម្ពុជា​វិញ គ្មាន​ការអង្កេត​ណាមួយ​បញ្ជាក់ថា មាន ប្រជាជន​ខ្មែរ​ប៉ុន្មាន​ភាគរយ​នោះ​ទេ ដែល​ចូលចិត្ត​អាន ឬ​មិន​ចូលចិត្ត​អាន នោះ ប៉ុន្តែ​បើ​ផ្អែក​លើ​ការ​ពិនិត្យ​ជាក់ស្តែង​គេ​អាចនិយាយបាន​ថា អត្រា​នៃ ការអាន​របស់​ជនជាតិ​ខ្មែរ​មាន​កម្រិត​ទាប​ណាស់ ។​ ​

​ ​យ៉ាង​ជាក់ស្តែង​នោះ ក្នុងចំណោម​ប្រជាជន​ចំនួន​១៤​លាន​នាក់ គឺ មាន​អ្នកអាន​កាសែត​មិន​ដល់​ទៅ​១០ ភាគរយ​ផង បើសិនជា​យើង​ពិនិត្យមើល ចំនួន​អ្នក​អាន​កាសែត​នៅក្នុង​ប្រទេស កម្ពុជា ។ កាសែត​ធំៗ​ទាំងបី (​រស្មី​កម្ពុជា កោះសន្តិភាព និង​កម្ពុជា​ថ្មី​) ត្រូវបាន​គេ​ដឹង​ថា​បោះពុម្ព​កាសែត​តែ​ខ្ទង់​ម៉ឺន​ច្បាប់ ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​។​

​ ​- ​ខ្មែរ​មាន​ទម្លាប់​អាន​កាលពី អតីតកាល​
​ ​បើ​ពិនិត្យ​ទៅលើ​ប្រវត្តិសាស្ត្រ គេ​សង្កេតឃើញថា កាលពី​អតីតកាល ប្រជាជន​ខ្មែរ​មាន​ទម្លាប់​អាន​ច្រើនជាង បច្ចុប្បន្ននេះ បើទោះបី​អត្រា​នៃ​ការអាន របស់​ជនជាតិ​ខ្មែរ​នា​ពេលនោះ​មាន​តិច ជាង​ជនជាតិ​បរទេស​ក៏​ដោយ ។ ការ ស្រុតចុះ​នៃ​អត្រា​ទម្លាប់​អាន​របស់​ខ្មែរ ត្រូវបាន​គេ​ទម្លាក់កំហុស​មួយផ្នែក​ទៅ លើ​របប​ប៉ុលពត ។ របប​ប៉ុលពត​គឺជា ពេលវេលា​កាត់ផ្តាច់​មនោសញ្ចេតនា រវាង​អ្នក​អាន​និង​ឯកសារ​នានា ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ភាពក្រីក្រ ក៏​ជា​កត្តា​ជំរុញ​មិនឱ្យ​ប្រជាជន​ចង់​អាន នោះដែរ ។ បើ​គិត​មកដល់​ឆ្នាំ​២០០៧ កន្លង​មក​ប្រទេស​កម្ពុជា​នៅ​មាន​ប្រជាជន​៣០​ភាគរយ​ទៀត​កំពុង​រស់នៅ ក្រោម​បន្ទាត់​ភាពក្រីក្រ ។ មានន័យ​ថា ពួកគេ​រក​ប្រាក់ចំណូល​បាន​តិច​ជាង​មួយ ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​សម្រាប់​មួយ​ថ្ងៃ ។ នៅពេល​ដែល​ក្រពះ​ស្រេកឃ្លាន គេ​ពិត​គ្មាន​អារម្មណ៍​អាន​នោះទេ ។ ភាពក្រីក្រ​មិន​អនុញ្ញាត​ឱ្យ​ប្រជាជន​អាចមាន ពេលវេលា​សម្រាប់​អាន​ទេ ។​

​លើសពីនេះទៅទៀត​អ្នកតាមដាន​ការវិវត្តន៍​នៃ​ស្ថានភាព​សង្គម​បាន​កត់សម្គាល់​ថា កត្តា​មិន​ចេះអក្សរ​ក៏​ជា​របាំង​នៃ​ការអាន​ដែរ ។​

​ប្រជាជន​ខ្មែរ​មួយចំនួន​គឺជា អនក្ខ​រជន មានន័យថា​ពួកគេ​មិនចេះ ទាំង​អាន និង​សរសេរ ។

​កត្តា​មួយទៀត​ដែល​រារាំង​ការអាន​ដែរនោះ គឺ​កង្វះខាត​ឯកសារ​ជា​ភាសា​ខ្មែរ ។ ឯកសារ​ជាច្រើន​មាន​ជា ភាសាបរទេស ដូច្នេះ​អ្នក​មិនចេះ​ភាសា បរទេស​ពិតជា​មាន​ឧបសគ្គ​ក្នុង​ការ ស្រាវជ្រាវ ។​

​លោក​សួន ឱសថ​ទីប្រឹក្សា​នៃ វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​បាន​ទម្លាក់ កំហុស​មួយផ្នែក​ទៅលើ​កង្វះខាត​ឯកសារ ដែល​ជា​ប្រការ​ធ្វើឱ្យ​អ្នកអាន​ពិបាក រក​អ្វី​អាន ។​

​បញ្ហា​មួយទៀត​ដែល​លោក លើក​ដែរ​នោះ គឺ​ដោយសារ​បច្ចុប្បន្ន នេះ​ប្រទេស​កម្ពុជា​មាន​បណ្តាញ​ផ្សព្វផ្សាយ​សំឡេង​និង​រូបភាព​ច្រើនពេក ។

​លោក​សួន ឱសថ បាន​ច្រានចោល​គំនិត​ដែល​ថា​ខ្មែរ​មិន​ចូលចិត្ត អាន​។ លោក​បាន​បញ្ជាក់ថា ខ្មែរ​មិន មែន​ខ្ជិល​អាន​ទេ កាលពី​សង្គមចាស់ ខ្មែរ​ចូល​ចិត្ត​អាន​ណាស់ ពី​ព្រោះ​កាល នោះ​មាន​ឯកសារ​ច្រើន ជា​ភាសា​បារាំង ហើយ​ខ្មែរ​កាលនោះ​ចេះ​ភាសា​បារាំង ច្រើន​គ្នា​។​

​លោករ​ស់ ចន្ត្រា​បុត្រ អតីត អនុប្រធាន​រាជបណ្ឌិត្យសភា​និង​បច្ចុប្បន្ន ជា​ទីប្រឹក្សា​របស់​ស្ថាប័ន​នេះ​បាន​ចាត់ទុក កង្វះខាត​ឯកសារ គឺ​ឧបសគ្គ​នៃ​ការ អាន​។ លោក​បាន​បញ្ជាក់ថា​យើង​ខ្វះ​អ្វី​ថ្មី សម្រាប់​អាន និង​អ្វី​ដែល​មាន​សារសំខាន់ ។ កាសែត​សរសេរ​ភាគច្រើន តែ​ឃាតកម្ម​ឬ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្រៅ​អំពី​កង្វះខាត​ឯកសារ គេ​សង្កេតឃើញថា ប្រទេស​កម្ពុជា​នៅ ខ្វះ​បណ្ណាល័យ​អាន​ជា​ច្រើន និង​ខ្វះ​ព័ត៌មាន​ឯករាជ្យ​ដែល​ជំរុញ​ឱ្យ​អ្នកអាន​ចង់ អាន​និង​ចង់ដឹង ។ ការផ្តល់​ព័ត៌មាន លំអៀង​ខ្លាំងពេក ឬ​ការ​ផ្តល់​ព័ត៌មាន មិន​ពិត​ក៏​ជា​ប្រការ​បំបាក់ទឹកចិត្ត​អ្នកអាន មួយ​ផ្នែក​ផងដែរ ។​

​យុវ​សិស្ស ផល អាយុ​១៩​ឆ្នាំ ដែល ទើបតែ​ប្រឡង​បាក់​ឌុប​ហើយ បាន និយាយថា ខ្លួនគេ​មិន​ដែល​អាន​ឯកសារ អ្វី​ក្រៅពី​មេរៀន​ក្នុង​ថ្នាក់​នោះ​ទេ ។ យុវជន​អាយុ​១៩​ឆ្នាំ​រូប​នេះ​បាន​និយាយ សារភាព​ថា​ខ្ញុំ​មិន​ដែល​អាន​កាសែត​ទេ ពីព្រោះ​កាសែត​ផ្សាយ​តែ​ប្រភេទ ព័ត៌មាន​ដដែលៗ ដូច​ជា​គ្រោះថ្នាក់ ចរាច​រណ៍ ឬ​ការរំលោភ​សេពសន្ថវៈ​ជា ដើម ។ ខ្ញុំ​ធុញ​នឹង​ព័ត៌មាន​ទាំងនេះ ណាស់​។​

​យុវជន​ម្នាក់​ទៀត​ឈ្មោះ​ភារម្យ អាយុ​១៩​ឆ្នាំ បាន​សារភាព​ដែរ​ថា ខ្លួន គេ​ក៏​ដូចជា​មិត្តភក្តិ​ដទៃ​ទៀត​ដែរ មិនសូវ ចូលចិត្ត​អាន​ទេ ពីព្រោះ​ពួកគេ​សព្វថ្ងៃ ចំណាយ​ពេលវេលា​ច្រើន​សម្រាប់​ដើរ កម្សាន្ត​ឬ​ហូប​គ្រឿង​ស្រវឹង ឬ​ច្រៀង ខារ៉ាអូខេ​ទៅវិញ ។ លើសពីនេះ យុវ​សិស្ស​នេះ​បាន​បញ្ជាក់​ទាំង​អារម្មណ៍ អៀន​ថា​ក្មេងៗ​មួយចំនួន​ឥឡូវ​មិន​អាន​ទេ តែ​បែរជា​នាំគ្នា​ចំណាយ​ពេលវេលា ច្រើន​ដើម្បី​លេង​ហ្គេម​ទៅវិញ ។​

​លោក​រ៉ុង ឈុន ប្រធាន​សមាគម គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ប៉ាន់ស្មាន​ថា មាន​យុវ​សិស្ស​ប្រមាណ​ជា ជាង​១០​ភាគរយ​ប៉ុណ្ណោះ​ចូល​ចិត្តការ អាន ។ ចំណែកឯ​កសិករ អាជីវករ កម្មករ រឹតតែ​មិន​ចូល​ចិត្ត​ទៅ​ទៀត ។​

​- ​កាដូ​ជា​សម្ភារៈ​សិក្សា​អាច កែប្រែ​ទម្លាប់​អាន​
​ ​ពាក្យ​ថា​ទម្លាប់​គឺ​ជា​ការ​កើត ឡើង​ដោយ​ឯងៗ ឬ​ដោយ​ធ្វើឡើង​តាម គ្នា​ហើយ​ទង្វើ​នេះ​វា​កើត​ឡើង​ក្នុង​រយៈ ពេល​វែង ។ ដូច្នេះ​ការកែប្រែ​ទម្លាប់ អាន វា​មិនមែន​ជា​កិច្ចការ​មួយ​ដែល​អាច សម្រេច​បាន​ភ្លាមៗ​នោះទេ ប៉ុន្តែ​បើ​គេ មិន​ចាប់ផ្តើម ក៏​គេ​មិន​អាច​រកឃើញ គោលដៅ​នោះ​ដែរ ។​

អ្នកជំនាញ​មួយចំនួន​បាន​និយាយ ថា ដើម្បី​កែប្រែ​ទម្លាប់​មិន​សូវ​ចូលចិត្ត អាន​ឱ្យមក​អាន​វិញ​នោះ​ឪពុកម្តាយ​ត្រូវ មាន​តួនាទី​សំខាន់​ជាងគេ ក្នុងការ បណ្តុះ​គំនិត​នេះ ។​ការបណ្តុះ​គំនិត​នេះ ត្រូវ​ធ្វើឡើង​ជាមួយ​ក្មេងៗ​តាំងពី​នៅ តូច​។ អ្នកជំនាញ​ដដែល​បន្តទៀតថា ឪពុក​ម្តាយ​ត្រូវ​នាំ​កូន​ចូល​បណ្ណាគារ ឱ្យបាន​ញឹកញាប់​ជាជាង​នាំ​ពួកគេ​ចូល ហាង​ចំណីអាហារ ។​

​ម្យ៉ាងវិញទៀត​ឪពុកម្តាយ​ត្រូវ បណ្តុះ​គំនិត​ឱ្យ​ក្មេងៗ​ផ្តល់​កាដូ​ឱ្យ​គ្នា ជា​សៀវភៅ​ប៊ិក​ឬ​កាបូប​ជាជាង​របស់ មានតម្លៃ​ផ្សេងៗ​”​។​

​លោករ​ស់ ចន្ត្រា​បុត្រ អតីត​អនុប្រធាន​រាជបណ្ឌិត្យសភា​និង​បច្ចុប្បន្ន​ជា ទីប្រឹក្សា​របស់​ស្ថាប័ន​នេះ​បាន​និយាយថា ដើម្បី​ជំរុញ​ការអាន​ឡើងវិញ​ការងារ ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​ការបណ្តុះបណ្តាល ធនធានមនុស្ស​បន្ទាប់​មក​ត្រូវ​ជំរុញ​ការ បង្កើត​ស្នាដៃ​ផ្សេងៗ​ប្លែកៗ និង​មាន សារសំខាន់ ។​

​មនុស្ស​មួយចំនួន​យល់​ថា​ការអាន​ធ្វើឱ្យ​ធុញទ្រាន់ ប៉ុន្តែ​សម្រាប់​អ្នក ជំនាញ​វិញ​ការអាន គឺជា​ការកម្សាន្ត​ដូច ការកម្សាន្ត​ដទៃទៀត​ដែរ ៕
Source : http://www.cambodiaonlinenews.com

No comments: